កិច្ចពិគ្រោះយោបល់ស្ដីពីការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី ៣

(ទីស្តីការក្រសួងពាណិជ្ជកម្ម)៖ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារមកពីនាយកដ្ឋានពាក់ព័ន្ធចូលរួមកិច្ចពិគ្រោះយោបល់ខាងលើ ក្នុងគោលបំណងផ្លាស់ប្តូរមតិយោបល់ និងធាតុចូលសម្រាប់បម្រើដល់ការប្រមូលចងក្រងត្រៀមសរសេររបាយការណ៍សម្រាប់កិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្ម (TPR) កម្ពុជាលើកទី ៣។
ជាការកត់សម្គាល់ ភាគីទាំងពីរបានពិភាក្សាយ៉ាងផុលផុសអំពីវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្ដីពីវិនិយោគ, យន្តការផ្តល់កិច្ចសម្រួល, យន្តការសេវាថែទាំវិនិយោគ, ភាពរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេស, គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម, ព្រមទាំងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ដ និងអេឡិចត្រូនិកកម្ពុជា សំដៅតាមដាន និងឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីដំណើរការអនុវត្តន៍ជាក់ស្តែងពីសំណាក់ប្រតិបត្តិករដែលជាអ្នកប្រឡូកផ្ទាល់លើកិច្ចការពាក់ព័ន្ធ។
គួរបញ្ជាក់ជូនផងដែរថា គិតចាប់ពីចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកកាលពីឆ្នាំ ២០០៤ កម្ពុជាបានធ្វើ TPR បានចំនួន ២លើក រួចមកហើយកាលពីឆ្នាំ ២០១១ និងឆ្នាំ ២០១៧។