អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអនុញ្ញាតឱ្យគណៈប្រតិភូចិន នៃទីក្រុងភូអឺ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន នៃទីក្រុងភូអឺ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក យិន យែនជឹង  លេខាបក្សរង នៃទីក្រុងភូអឺ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅ ព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ដែលបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាលចិន ក៏ដូចជាថ្នាក់ដឹកនាំតាមតំបន់នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបង្ហាញនូវការគាំទ្រតាមរយៈកិច្ចសហប្រតបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ លោក យិន​ យែនជឹង  បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការ អំពីស្ថានភាពទូទៅនៃទីក្រុងភូអឺ ដែលមានសក្តានុពលលើវិស័យកសិកម្ម ហើយជាវិស័យមួយដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន រួមមានការដាំកាហ្វេ តែ​ និងថ្នាំចិនបុរាណមួយចំនួនទៀត។

លោកលេខាបក្សរង បានបន្ថែមទៀតថា ក្រៅពីវិស័យកសិកម្មខាងលើ វិស័យវប្បធម៌ក៏ជាវិស័យអាទិភាពដែលទីក្រុងភូអឺ ខេត្តយូណាន អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន​ តាមរយៈការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។ ជាការឆ្លើយតបឯកឧត្តមអគ្គលេខាធិការ បានបង្ហាញពីការចូលរួមគាំទ្រជាមួយលោកលេខាបក្សរង ដើម្បីធ្វើយ៉ាងណាអោយវិស័យនេះទទួលបានជោគជ័យក្រោមកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពី កម្ពុជា- ចិន​ ជាពិសេសជាមួយខេត្តយូណាន។ លោកលេខាបក្សរង បានសន្យានឹងបញ្ជូនក្រុមការងារបច្ចេកទេស ដើម្បីមកសិក្សាលម្អិតពីវិស័យខាងលើនេះផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើឱ្យលោកលេខាបក្សរង បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងខេត្តយូណាន ជាពិសេសទីក្រុងភូអឺ ដើម្បីជម្រុញអោយមានការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម​និងវិនិយោគរវាងប្រទេសទាំងពីរ។