កាលានុវត្តភាពវិនិយោគ និងគម្រោងសន្ធានកម្មការផ្គត់ផ្គង់សារធាតុគីមីដែលបម្រើដល់កម្មន្តសាលឧស្សាហកម្ម នៅកម្ពុជាត្រូវបានលើកយកមកជជែកក្នុងជំនួបជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា

(ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហគ្រាស PETRONAS Chemicals Marketing (Labuan) Sdn. Bhd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PETRONAS Chemical Group (PCG) ក្នុងគោលបំណងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគ និងស្វែងយល់អំពីគម្រោងសន្ធានកម្មការផ្គត់ផ្គង់សារធាតុគីមីដែលបម្រើដល់កម្មន្តសាលឧស្សាហកម្ម នៅកម្ពុជា។

មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាអញ្ជើញមកកម្ពុជាដើម្បីសិក្សាស្វែងយល់បន្ថែមអំពីឱកាសវិនិយោគលើសកម្មភាពខាងលើ សំដៅប្រមូលព័ត៌មានឱ្យកាន់តែជាក់លាក់ និងគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តក្នុងការបណ្ដាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំ និងជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូបន្ដសិក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតនាំចូល និងធានាបានថាសារធាតុគីមីទាំងនោះមានអនុលោមភាពជាមួយនឹងបទដ្ឋាន និងស្តង់ដារដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។

ជាការឆ្លើយតប គណៈប្រតិភូបានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបពិគ្រោះយោបល់ ហើយបានបង្ហាញក្តីសង្ឃឹមថាវត្តមានរបស់ខ្លួននឹងលេចត្រដែតឡើងនៅលើទីផ្សាររបស់កម្ពុជាបន្ទាប់ពីការសិក្សាសមិទ្ធិលទ្ធភាពត្រូវបានបញ្ចប់ និងវាយតម្លៃគ្រប់ជ្រុងជ្រោយ។