ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Far East Trade Service Inc.

វិមានរដ្ឋាភិបាល (វត្តភ្នំ) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Far East Trade Service Inc., Phnom Penh (FET) ដឹកនាំដោយ លោកស្រី Chen I-Hua អគ្គនាយកក្រុមហ៊ុន (FET) ដែលទើបទទួលបានតំណែងនាពេលថ្មីៗនេះ។

មានមតិក្នុងជំនួបដ៏ថ្លៃថ្លានេះ ឯកឧត្តមបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អបរិស្ថានវិនិយោគសំដៅបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ។ លោកស្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ជំរុញ ផ្តល់កិច្ចសម្រួល និងថែទាំវិនិយោគបរទេស ជាពិសេសជួយជ្រោមជ្រែងឱ្យក្រុមហ៊ុន FET កន្លងមក។ ឆ្លៀតឱកាសនេះ លោកស្រី ចង់ស្វែងយល់បន្ថែមពីការជំរុញវិនិយោគក្នុងវិស័យអាទិភាពនានា សម្រាប់ទាក់ទាញគម្រោងវិនិយោគបន្ថែមទៀត។ ឆ្លើយតបនឹងបំណងប្រាថ្នានេះ ឯកឧត្តមឆ្លៀតជម្រាបជូនពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញនិងទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងការវិនិយោគកសិ-ចំណីអាហារ ព្រមទាំងការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិកត្រូនិក ក្នុងគោលបំណង កៀរគរការវិនិយោគបន្ថែមពីវិនិយោគិនបរទេសមកកាន់កម្ពុជា ដើម្បីទទួលបាននូវការវិនិយោគ ប្រកបដោយភាពកក់ក្ដៅ និងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន។