សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤, ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការវិនិយោគកម្ពុជារៀបចំ និងអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ទ្រី ដាលុច អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ, សមាជិកអនុគណៈកម្មាធិការវិនិយោគខេត្ត, តំណាងកំពង់ផែខេត្តព្រះសីហនុ, តំណាងសភាពាណិជ្ជកម្មខេត្ត, ពាណិជ្ជករ និងតំណាងមន្ទីរជំនាញចពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្ត សរុបចំនួន ៨៦រូប។

ជាកិច្ចស្វាគមន៍ ឯកឧត្តម ឡុង ឌីម៉ង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីសោមន្សរីករាយចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានជម្រាបអំពី  លក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ សក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ (GDP) នៅឆ្នាំ២០២៣ មានចំនួន ៤.៦០២ដុល្លាអាមេរិច និងមានអាត្រាកំណេីនសេដ្ឋកិច្ច ៦,៤%ដែលធ្វេីឲអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តថយចុះមកត្រឹម ១,៦៨% នៅឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តមអគ្គលេខាធិការរង បានសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់លេីវស័យឯកជន និងការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការសំខាន់ៗនៃព្រឹត្តិការណ៍នានាក្នុងតំបន់ និងសកល ព្រមទាំងច្បាមយកនូវកាលានុវត្តភាពដែលលេចចេញពីវិបត្តិតាមរយៈការដាក់ចេញនូវ ច្បាប់យុទ្ធសាស្ត្រដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការប្រកួតប្រជែងដេីម្បីទាក់ទាញនិងលេីកទឹកចិត្តដល់វិនិយោគគិនដែលជាការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងដោយមានភាពធន់។

បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានលើកឡើងអំពីបរិការណ៍ ដំណើរការ និងភាពចាំបាច់នៃការរៀបចំនូវច្បាប់ស្តីពីវិនិយោគ, អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដែលសំដៅលេីសិទ្ធសម្រេចលេីទុនវិនិយោគរហូតដល់ ៥លានដុល្លារ, និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដ៏ទូលំទូលាយ មានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន។

ជាកិច្ចបន្ត វាគ្មិនមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើបទបង្ហាញលើប្រធានបទចំនួន ០៤ ជូនដល់សិក្ខាកាម រួមមាន (១)ច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងនីតិវិធីពិនិត្យសំណើពាក់ព័ន្ធនឹងកិច្ចការច្បាប់នៃគម្រោងវិនិយោគ, (២)ការជំរុញទាក់ទាញ និងការផ្តល់កិច្ចសម្រួលវិនិយោគ, (៣)នីតិវិធីពិនិត្យសំណើសុំពាក់ព័ន្ធនឹងការចុះបញ្ជី, ការលើកទឹកចិត្តគម្រោងវិនិយោគ និង (៤)ការត្រួតពិនិត្យ ការវាយតម្លៃការអនុវត្តគម្រោង និងសេវាថែទាំវិនិយោគ។

ជាកិច្ចបញ្ចប់ សិក្ខាកាមចូលរួម បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងនូវការពេញយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។