ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង“សេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការ និងក្រុមការងារជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា” និង “ សេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមប្រឹក្សាផ្ដល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក”

ថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង“សេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការ និងក្រុមការងារជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា”និង “ សេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមប្រឹក្សាផ្ដល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក”។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលសរុបប្រមាណប្រមាណ ៤០រូប ។
យោងលើផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែលបានអនុម័ត្តដោយរាជរដ្ឋាភិបាលនាពេលកន្លងមក បានកំណត់យន្តការស្ថាប័នចំនួន ៣កម្រិតសម្រាប់ការជំរុញការអនុវត្ត រួមមាន៖ គណៈកម្មាធិការប្រតិបត្តិ, គណៈកម្មាធិការដោះស្រាយបញ្ហា និងក្រុមការងារពន្លឿនវិស័យយានយន្ត និងអេឡិចត្រូនិក ។ ក្នុងន័យនេះ ក.អ.ក បានរៀបចំសេចក្តីព្រាងសម្រេចទាំងពីរខាងលើ ស្របតាមការតម្រង់ទិសពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងដើម្បីជំរុញ និងពន្លឿនការអនុវត្តផែនទីបង្ហាញផ្លូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីការពិភាក្សាយ៉ាងផុលផុស អង្គប្រជុំបានផ្តល់មតិយោបល់ដើម្បីកែលម្អបន្ថែមនូវសេចក្តីព្រាងសេចក្តីសម្រេចទាំងពីរ ពិសេសលើទិដ្ឋភាពផ្នែកច្បាប់ ទម្រង់ រចនាសម្ព័ន្ធ និងខ្លឹមសារនៃផ្នែកនីមួយៗរបស់សេចក្តីព្រាងសេចក្តីសម្រេចទាំងពីរ ។
ជាកិច្ចបញ្ចប់ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណចំពោះការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់មតិយោបល់គន្លឹះៗ ដើម្បីឱ្យសេចក្តីព្រាង“សេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មាធិការ និងក្រុមការងារជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា”និង “សេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមប្រឹក្សាផ្ដល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក” កាន់តែមានភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀត ។