ឯកឧត្តម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយតំណាងធនាគារនីហរណ-អាហរណចិន
(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយតំណាងធនាគារនីហរណ-អាហរណចិន។ ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពលនិងបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាភាពអំណោយផលសម្រាប់ការវិនិយោគ ដែលបង្កើតនូវក្របខ័ណ្ឌលើកទឹកចិត្តវិនិយោគក្រោមច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលមានលក្ខណៈអំណោយផលជាងគេនៅក្នុងតំបន់ ជាពិសេស យន្ដការផ្ដល់កិច្ចសម្រួល និងថែទាំវិនិយោគ ស្របតាមការចង្អុលទិសជាត្រីវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
