ពិភាក្សាការងារជាមួយក្រុមហ៊ុន Hainan Taste King Investment Group Holding Co., Ltd.

នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Hainan Taste King Investment Group Holding Co., Ltd. ដឹកនាំដោយលោកស្រី Luo Lihua លេខាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី។
ជាកិច្ចចាប់ផ្ដើមឯកឧត្តម យុន ហេង បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជានាពេលនេះដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានលើកឡើងពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលមានភាពបើកចំហរ មានតម្លាភាព និងអាចប៉ាន់ប្រមាណជាមុនបានដើម្បីទាក់ទាញ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬ បរទេសនៅកម្ពុជា។
មានមតិក្នុងកិច្ចប្រជុំ លោកស្រី Luo Lihua បានមានប្រសាសន៍ថាមុខសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុន Hainan Taste King Investment Group Holdings Co., Ltd. គឺការដាំស្លា កែច្នៃ និងលក់។ ក្រុមហ៊ុន មានបំណងពិភាក្សាពីកិច្ចសហការ និងវិនិយោគលើដំណាំស្លា និងគម្រោងកិច្ចសហប្រតិបត្តិការផ្នែក កសិកម្ម ជាពិសេស ការស្វែងរកដៃគូវិនិយោគក្នុងស្រុក ដើម្បីវិនិយោគដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃ។ ជាមួយគ្នានេះដែរ លោកស្រីក៏បានបញ្ជាក់ថាក្រុមហ៊ុនមានបំណងនាំចេញផ្លែស្លាដែលដាំនៅប្រទេសកម្ពុជាទៅទីផ្សារចិន និងបណ្តាប្រទេសផ្សេងៗទៀត។
ឯកឧត្តម យុន ហេង បានជម្រាបជូនថាគម្រោងដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃជាគម្រោងដែលបានទទួលបានការលើកទឹកចិត្តអតិបរមា។ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនធ្វើការជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដើម្បីរកដៃគូវិនិយោគគម្រោងនេះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារង់ចាំទទួលស្វាគមន៍ និងផ្តល់កិច្ចសម្រួលសព្វបែបយ៉ាងលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន។