សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ពន្ធអប្បបរមាសកល និងផលជះលើការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធនៅកម្ពុជា”

នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រូយ៉ាល់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី Jyotsana Varma នាយិកាស្ថានតំណាងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះ បណ្តាលស្ដីពី “ពន្ធអប្បបរមាសកល និងផលជះលើការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធនៅកម្ពុជា” ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ ក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ ក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបចំនួនប្រមាណជាង ៥០ រូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែក និងបញ្ជ្រាបចំណេះដឹងបន្ថែមដល់មន្ត្រីបច្ចេកទេសនៃក្រសួងស្ថាប័នពាក់ព័ន្ធដែលមានភារកិច្ចរៀបចំគោលនយោបាយវិនិយោគ អំពីទិដ្ឋភាពទូទៅ និងផលជះនៃការដាក់ចេញពន្ធ អប្បបរមាសកល មកលើរបបនៃការលើកទឹកចិត្តវិនិយោគរបស់កម្ពុជា ក៏ដូចជាភាព ប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគ និងត្រៀមខ្លួនក្នុងការគិតគូររៀបចំឱ្យកាន់តែមានភាពទាក់ទាញនូវគោលនយោបាយពាក់ព័ន្ធនាពេលខាងមុខសម្រាប់ការធ្វើធុរកិច្ចនិងវិនិយោគ។