សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP)
នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គោលបំណងនៃសិក្ខាសាលា គឺ (១) ផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ និង (២) ពិភាក្សាអំពីទិសដៅបន្តសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត IDP ឆ្នាំ២០២១។ សិក្ខាសាលាមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP នៃ ក.អ.ក សរុបចំនួនប្រមាណ ១៣០ រូប។
