ពន្លឺនៃដំណោះស្រាយផ្នែកបច្ចេកទេសលើបញ្ហាទីផ្សាររបស់ក្រុមហ៊ុន XDS Bicycle នឹងកាន់តែមានរស្មីនាពេលដ៏ខ្លីខាងមុខ

(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យ, វាយតម្លៃ, និងស្វែងរកដំណោះស្រាយករណីការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន XDS Bicycle ក្នុងគោលបំណងពិភាក្សាស្វែងរកដំណោះស្រាយផ្នែកបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាទីផ្សារជូនភាគីក្រុមហ៊ុន។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានគយ និងរដ្ឋាករ, និងតំណាងក្រុមហ៊ុន ដែលមានសមាសភាពសរុបចំនួន ២០រូប។

ជាការកត់សម្គាល់ កិច្ចពិភាក្សាខាងលើបានប្រព្រឹត្តទៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់ពីភាគីពាក់ព័ន្ធសំដៅធានាបានថាវិនិយោគិននឹងទទួលបានសេវាថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្ត។ បន្ថែមពីនេះ អង្គប្រជុំក៏បានចូលរួមពិនិត្យ, ផ្ទៀងផ្ទាត់, និងផ្តល់អនុសាសន៍លើឯកសារពាក់ព័ន្ធនានាដែលភាគីក្រុមហ៊ុនបានរៀបចំ ក្នុងគោលបំណងធានាបាននូវសុក្រឹតភាព និងអនុលោមភាពគតិយុត្តសម្រាប់បង្កលក្ខណៈជូនក្រសួង ស្ថាប័នបន្តនីតិវិធីចំពោះមុខជាមួយតួអង្គពាក់ព័ន្ធ។ ឈរលើមូលដ្ឋាននៃកិច្ចពិភាក្សានាឱកាសនេះ អង្គប្រជុំបានបង្ហាញជំនឿចិត្តយ៉ាង

មុតមាំថាពន្លឺនៃដំណោះស្រាយសម្រាប់ភាគីក្រុមហ៊ុននឹងកាន់តែមានរស្មីនាពេលដ៏ខ្លីខាងមុខ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារអន្តរក្រសួង ស្ថាប័នដែលបានបំពេញភារកិច្ចប្រកបដោយគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ហើយឯកឧត្តមជឿជាក់ថាការបំពេញភារកិច្ចយ៉ាងស្វាហាប់របស់ក្រុមការងារដោយឈរលើអភិក្រម “ពេលវេលាជាមាសប្រាក់ ប្រសិទ្ធផលគឺជាអាយុជីវិត” នឹងនាំមកនូវផ្លែផ្កាគួរជាទីគាប់ប្រសើរ ក៏ដូចជាបង្កលក្ខណៈសម្រាប់ទាក់ទាញគម្រោងវិនិយោគដែលមានសែស្រឡាយ ឬមុខសញ្ញាប្រហាក់ប្រហែលគ្នានាពេលអនាគត សំដៅចូលរួមចំណែករុញច្រានកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឈានឆ្ពោះសម្រេចបាននូវបង្គោលចរដែលរាជរដ្ឋាភិបាលនីតិកាលទី ៧ បានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១។