អាហារការងារពេលព្រឹកជាមួយបណ្តាក្រុមហ៊ុនសិង្ហបុរី ដើម្បីបង្ហាញជូននូវបរិស្ថាន និងសក្ដានុពលវិនិយោគរបស់កម្ពុជា

(សាធារណរដ្ឋសិង្ហបុរី) នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤៖ ឆ្លៀតក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមអាហារការងារពេលព្រឹកជាមួយបណ្តាក្រុមហ៊ុនសិង្ហបុរី ដើម្បីបង្ហាញជូននូវបរិស្ថាន និងសក្ដានុពលវិនិយោគរបស់កម្ពុជា។ មានមតិក្នុងឱកាសដ៏វិសេសវិសាលនេះ បន្ថែមលើមូលដ្ឋានដ៏រឹងមាំ និងលក្ខខណ្ឌអំណោយផលនៃក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនក្រុមហ៊ុនសិង្ហបុរីដោយសង្ខេបអំពីឧត្តមភាពប្រកួតប្រជែងចម្បងៗរបស់កម្ពុជា ក្នុងនោះមានដូចជា សុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ, ទីតាំងយុទ្ធសាស្ត្រស្ថិតនៅចំកណ្ដាលតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក, ភាពសម្បូរបែបនៃកម្លាំងពលកម្មវ័យក្មេងនិងសកម្ម…។ល។ មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណដល់ក្រុមហ៊ុនសិង្ហបុរីដែលបានមានចំណាប់អារម្មណ៍លើកាលានុវត្តភាពវិនិយោគរបស់កម្ពុជាបច្ចុប្បន្ន និងដោយផ្អែកលើកត្តាអំណោយផលដូចបានគូសបញ្ជាក់ពីខាងដើម ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកចិត្តដល់សហគមធុរកិច្ចសិង្ហបុរីធ្វើការពិចារណាបណ្តាក់ទុនវិនិយោគដោយផ្ទាល់នៅកម្ពុជា ឬមួយចាប់ដៃគូវិនិយោគជាមួយវិនិយោគិនក្នុងស្រុក ដើម្បីច្បាមយកផលចំណេញរួមគ្នា៕