តុវិនិយោគកសិ-ចំណីអាហារនឹងចូលរួមចំណែកដល់ការជួយពង្រឹង និងពង្រីកមូលដ្ឋានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមានភាពធន់

(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវ និយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងនៃតុវិនិយោគកសិ-ចំណីអាហារ (AFID) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំដ៏មនោរម្យនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនភាពស្និទ្ធស្នាលរវាងក្រុមការងារអន្តរក្រសួង ស្ថាប័ន និងលេខាធិការដ្ឋាន។

មានមតិក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមការងារដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងបន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងនៃតុវិនិយោគកសិ-ចំណីអាហារកាលពីត្រីមាសទី១ នៃឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងនូវការកត់សម្គាល់អំពីភាពរឹងមាំ និងការរួមចំណែកយ៉ាងសំខាន់នៃវិស័យកសិកម្មក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង, បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ, និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ ក្នុងស្មារតីនេះ ឯកឧត្តមសង្ឃឹមថាក្រុមការងារបន្ដសហការគ្នាឱ្យបានជិតស្និទ្ធដើម្បីអនុវត្តភារកិច្ចដែលបានប្រគល់ជូនសំដៅរុញច្រានតុវិនិយោគកសិ-ចំណីអាហារឱ្យកាន់តែមានភាពសកម្មជាងមុន និងចូលរួមចំណែកដល់ការជួយពង្រឹង និងពង្រីកមូលដ្ឋានរបស់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមានភាពធន់។

គួរបញ្ជាក់ជូនផងដែរថា AFID ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី (CAVAC II) ក្នុងគោលបំណងជំរុញវិនិយោគក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាពដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ, បង្កើតការងារមានតម្លៃបន្ថែមកាន់តែខ្ពស់, និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។