វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ផ្ដល់ឱកាសដល់ការពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សំដៅបង្កើននូវរំហូរវិនិយោគនិងទំហំពាណិជ្ជកម្មលើគ្រប់វិស័យដែល​ផ្តល់​អត្ថប្រយោជន៍​ទៅវិញទៅមក

សាធារណរដ្ឋសិង្ហបុរី៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីសុន្ទរកថាបើកវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អង្គវេទិកាបានស្តាប់និងពិភាក្សាយ៉ាងផុលផុសក្នុងកម្មវិធីពិភាក្សាតាមប្រធានបទពាក់ព័ន្ធនឹងវិនិយោគ។ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាអំពីកាលានុវត្តភាពវិនិយោគ ដែលមានការចូលរួមឈ្វេងយល់ពីវិនិយោគិនសិង្ហបុរីនិងកម្ពុជា សរុបប្រមាណ ៤០០រូប។

មានប្រសាសន៍ក្នុងកិច្ចពិភាក្សាខាងលើ ឯកឧត្តមបានលើកឡើងអំពីបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល, គោលការណ៍ច្បាប់និងបទប្បញ្ញាត្តិពាក់ព័ន្ធនឹងវិនិយោគ ជាពិសេសបានសង្កត់ធ្ងន់លើគោលនយោបាយបើកចំហ និងទាក់ទាញចំពោះការវិនិយោគពីបរទេស តាមស្មារតីនៃច្បាប់ស្ដីពីវិនិយោគ គ្របដណ្តប់លើអភិក្រមផ្ដល់កិច្ចសម្រួល, កញ្ចប់លើកទឹកចិត្ត និងការថែទាំវិនិយោគ ដែលជាការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមក៏បានបញ្ជាក់អំពីសក្ដានុពលវិនិយោគសំខាន់ៗលើវិស័យអាទិភាពនៅកម្ពុជារួមមាន៖ វិស័យកសិ-ចំណីអាហារ, ឧស្សាហកម្ម, យានយន្ដនិងអេឡិចត្រូនិក, ទេសចរណ៍ និងការអភិវឌ្ឍបៃតង។ល។