កិច្ចប្រជុំលើការងាររៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩
កិច្ចប្រជុំលើការងាររៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយអនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាវេទិកាថ្នាក់ជាតិ និងជាយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជជែកសន្ទនាជាមួយផ្នែកឯកជន ដើម្បីស្វែងយល់អំពីសំណូមពរ និងបញ្ហាប្រឈមនានាដែលវិស័យឯកជនបានជួបប្រទះក្នុងកិច្ចការអនុវត្តអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ គណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាប្រធាន គឺជាសេនាធិការរួមរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការសម្របសម្រួលនិងរៀបចំវេទិកានេះ។ ក្រុមការងារតាមវិស័យទាំង១៤ ស្ថិតក្រោមការសម្របសម្រួលពីគណៈកម្មាធិការ នឹងត្រូវបានដឹកនាំដោយផ្ទាល់ពីថ្នាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ច ដើម្បីជជែកពិភាក្សា និងស្វែងរកដំណោះស្រាយលើសំណើសុំនានារបស់វិស័យឯកជន៕
