ការជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមវិនិយោគិននិងធុរជនខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង ៩:៤៥ នាទីព្រឹក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមវិនិយោគិននិងធុរជនខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ឯកឧត្ដម ជា វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅអំពីបរិស្ថានវិនិយោគ និងការវិវឌ្ឍនៃគោលនយោបាយពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា។ ឯកឧត្តម បានជំរុញលើកទឹកចិត្តវិនិយោគិនចិនទាំងនេះ ឱ្យបណ្តាក់ទុនវិនិយោគក្នុងវិស័យគន្លឹះមួយចំនួនដែលកម្ពុជាមានសក្តានុពលធំធេងសម្រាប់បំពេញតម្រូវការផ្គត់ផ្គង់របស់តំបន់ និងសកលលោក។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថាការវិនិយោគរបស់វិនិយោគិននិងធុរជននៃខេត្តសានតុងនឹងចូលរួមចំណែកដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិនឱ្យកាន់តែមានពន្លឺភ្លឺថ្លា និងបង្កើនតម្លៃបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី។