កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងដើម្បីប្រជុំពិនិត្យវឌ្ឍនភាពដំណើរការអនុវត្តគម្រោង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងផងដែរ។
សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែង១៣៥គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានប្រវែងប្រមាណ៣គីឡូម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT”។