ជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group
ជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យជាច្រើនរួមមានអចលនទ្រព្យ ហិរញ្ញវត្ថុ កសិកម្ម និងប្រព័ន្ធដឹកជញ្ជូនទំនើបជាដើម
សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Zhaoyuan Lin នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group។
ក្នុងជំនួបជាមួយក្រុមហ៊ុន Yuexiu Group ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនព័ត៌មានអំពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ដោយគិតចេញពីកត្តាសុខសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយសម្រាប់គ្រប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ហើយក្នុងនោះកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាដៃគូជាច្រើនទៀតផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដែលបាននិងកំពុងអភិវឌ្ឍរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានថ្មីខេត្តសៀមរាប ការត្រៀមបើកដំណើរការអាកាសយានដ្ឋានថ្មី

ក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។
បន្ទាប់បានទទួលស្តាប់ការពន្យល់បង្ហាញដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសក្តានុពល និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅប្រទេសកម្ពុជារួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មជាដើម។ ក្នុងនោះ ក្រុមហ៊ុនបានបង្ហាញអំពីវិស័យដែលខ្លួនធ្លាប់បានវិនិយោគកន្លងមករួមមាន សណ្ឋាគារ អគារពាណិជ្ជកម្ម អគារស្នាក់នៅ ធនាគារ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យកសិឧស្សាហកម្មជាដើម។
ពិសេសជាងនេះ ក្រុមហ៊ុនបានសម្រេចនឹងរៀបចំកិច្ចពិភាក្សាផ្ទៃក្នុងមួយបន្ទាប់ពីបញ្ចប់ជំនួបនេះ ដើម្បីជជែកនិងសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងក្របខណ្ឌណាមួយ។ ជម្រាបបន្ថែមជូនក្រុមហ៊ុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមនិងក្រុមការងារបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីផ្ដល់ការពិគ្រោះយោបល់ និងសម្របសម្រួលរាល់នីតិវិធីវិនិយោគនៅកម្ពុជា៕