ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអគ្គនាយកក្រុមហ៊ុនមីនេបៀ
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអគ្គនាយកក្រុមហ៊ុនមីនេបៀ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនមីនេបៀ (Minebea) ដឹកនាំដោយលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
លោកអគ្គនាយក បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលសម្ដែងការគួរសម ហើយក្នុងលោកអគ្គនាយកក៏បានកោតសរសើរស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលតែងតែជួយសម្របសម្រួលកិច្ចការងារនានារបស់ក្រុមហ៊ុន។ លោកអគ្គនាយកក៏បានឆ្លៀតយកឱកាសនេះដើម្បីស្នើសុំការគាំទ្រ និងការសម្របសម្រួលនានាបន្ថែមទៀតពីស្ថាប័ន CDC លើការអនុវត្តគម្រោងការងាររបស់ក្រុមហ៊ុននាពេលខាងមុខ។ ជាមួយគ្នានេះដែរ លោកអគ្គនាយក ក៏បានជម្រាបជូនអំពីទិសដៅរបស់ក្រុមហ៊ុន Minebea ក្នុងការពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅប្រទេសកម្ពុជាបន្ថែមទៀត ព្រមជាមួយនិងទិសដៅក្នុងការប្រែខ្លួនក្លាយទៅជាក្រុមហ៊ុនបៃតង តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ដោយការអនុវត្តនេះក៏ស្របទៅតាមទិសដៅអព្យាក្រឹត្យកាបូនរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុនក្នុងជំនួបនាឱកាសនេះ និងជាការឆ្លើយតបលើសំណូមពរខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបង្ហាញអំពីការស្វាគមន៍យ៉ាងពេញទំហឹងក្នុងការជួយសម្របសម្រួលលើកិច្ចការងារ បញ្ហាប្រឈម និងសំណើសុំនានារបស់ក្រុមហ៊ុន៕