ជំនួបពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអគ្គនាយករងក្រុមហ៊ុនផលិតយានយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន BYD Co., Ltd.
ជំនួបពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអគ្គនាយករងក្រុមហ៊ុនផលិតយានយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន BYD Co., Ltd. ដើម្បីជជែកអំពីកិច្ចការងារវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា
សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Kading Liu នាយករងក្រុមហ៊ុន BYD Co., Ltd.។
ក្នុងអង្គជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គសនីក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គីសនី។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ដោយហេតុថា ៦៥% នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុនអំពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រែកជីកហ្វូណនតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាដើម។ ជាងនេះទៅទៀត ដើម្បីជម្រុញការបណ្ដាក់ទុនក្នុងក្របខណ្ឌយានយន្តអគ្គសនីឱ្យបានកាន់តែច្រើន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនចូលរួមផ្តល់ធាតុចូលអំពីបទដ្ឋាននានាដែលខ្លួនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកលើវិស័យយានយន្តអគ្គិសនី(EV) ជូនមកកម្ពុជា ដើម្បីអាចឱ្យក្រសួងពាក់ព័ន្ធទទួលបានជាធាតុចូលសម្រាប់តាក់តែងលិខិតបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានជម្រាបរាយការណ៍ជូនពីគម្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនកំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងបន្ទប់តាំងបង្ហាញរថយន្តចំនួន២ ព្រមទាំងត្រៀមបើកឱ្យប្រើប្រាស់បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ហើយក្រោយពីការពង្រីកអាជីវកម្មនេះក៏នឹងផ្តល់ឱកាសការងារចំនួន ៣០០កន្លែងបន្ថែមជូនដល់កម្ពុជា។ លើសពីនេះទៅទៀត រថយន្តប្រភេទថ្មីផ្សេងៗទៀតក៏នឹងត្រូវបានក្រុមហ៊ុននាំយកចូលមកកាន់ទីផ្សាររបស់កម្ពុជាផងដែរ ដោយហេតុថាក្រុមហ៊ុនបានមើលឃើញអំពីស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធសង្គម គោលនយោបាយឌីជីថលកម្ពុជា និងពិសេសការកើនឡើងយ៉ាងឆាប់រហ័សនៃចរាចរណ៍យានយន្តអគ្គីសនីក្នុងប្រទេសកម្ពុជា ។