កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក. ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា
៚៚៚
នារសៀលថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) មានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ក្រោមអធិបតីភាពដឹកនាំរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក. និងមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងលេខាធិការដ្ឋានដឹកនាំនិងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) នៃ ក.អ.ក. សរុបចំនួនប្រមាណ ១០០រូប។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធ លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវដែលគណៈកម្មាធិការ ប្រតិបត្តិដឹកនាំដោយ ក.អ.ក. បានកែសម្រួល និងរៀបចំជាខេមរភាសាតាមការចង្អុលបង្ហាញរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ មុននឹងដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ. សាជាថ្មីនាពេលឆាប់ៗខាងមុខ។