វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ២០២២
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ២០២២ ត្រូវបានសហការរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង សភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia) ដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាជូនវិនិយោគិននិងធុរជនម៉ាឡេស៊ីនៅកម្ពុជា និងនៅបណ្តាប្រទេសនានា ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ ២៦០នាក់។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានវត្តមានចូលរួមរបស់ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តម ចឺយ វិចិត្រ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងលោកឧកញ៉ា Tan Khee Meng ប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា។
