ជំនឿចិត្តយ៉ាងមុតមាំថាអង្គសិក្ខាសាលានឹងខិតខំត្រងត្រាប់ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងកិច្ចការងារវិនិយោគ

ជំនឿចិត្តយ៉ាងមុតមាំថាអង្គសិក្ខាសាលានឹងខិតខំត្រងត្រាប់ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងកិច្ចការងារវិនិយោគដើម្បីអនុវត្តនូវសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌, មនសិការវិជ្ជាជីវៈ, និងស្មារតីទទួលខុសត្រូវខ្ពស់
—–
(សាលាខេត្តពោធិ៍សាត់)៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដោយមានកិច្ចសហការយ៉ាងស្អិតល្មួតជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងសមាជិកអនុគណៈកម្មាធិការវិនិយោគខេត្តពោធិ៍សាត់, កំពង់ឆ្នាំង, និងប៉ៃលិន ក្នុងគោលបំណងដំឡើងកម្រិតសមត្ថភាពជូនប្រតិបត្តិករដែលជាមន្ត្រីពាក់ព័ន្ធជុំវិញអនុគណៈកម្មាធិការវិនិយោគខេត្តទាំងបី។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់, និង ឯកឧត្តម សុខ ពិសី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តទាំងបី, និងវិស័យឯកជនសរុបចំនួន ៨០រូប។
មានមតិក្នុងសុន្ទរកថាបើក ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តទាំងបីដែលបានផ្តល់ឱកាសជូនមន្ត្រីរបស់ខ្លួនក្នុងការអញ្ជើញមកទទួលយកពុទ្ធិ និងចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងកិច្ចការស្តីពីវិនិយោគ សំដៅត្រៀមខ្លួនប្រកបដោយបុរេសកម្មក្នុងការផ្តល់កិច្ចសម្រួលវិនិយោគដោយប្រកាន់ខ្ជាប់នូវការផ្តល់សេវាឱ្យបានឆាប់រហ័ស. ទាន់ពេលវេលា, និងមានប្រសិទ្ធភាព ដោយស្របតាមអភិក្រម “ពេលវេលាជាមាសប្រាក់ ប្រសិទ្ធភាពជាអាយុជីវិត” ជូនវិនិយោគិន និងធុរជនប្រើប្រាស់សេវានានានៅតាមបណ្តាអនុគណៈកម្មាធិការវិនិយោគខេត្តទាំងបីនាពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបានគូសរំលេចអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលសម្ដេចទាំងពីរតែងឆ្លៀតពេលវេលាយ៉ាងមមាញឹកទាំងពេលបំពេញការងារក្នុងប្រទេស និងពេលអញ្ជើញចេញទៅបំពេញបេសកកម្មក្រៅប្រទេស ដើម្បីជួបប្រាស្រ័យទាក់ទង និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា សំដៅបង្កើតឱកាសការងារសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋ និងបង្កើនរំហូរមូលធនដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងស្មារតីនេះ ឯកឧត្តមបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថាអង្គសិក្ខាសាលានឹងខិតខំត្រងត្រាប់ស្ដាប់ការធ្វើបទបង្ហាញ និងបំផុសសំណួរដល់វាគ្មិន ព្រមទាំងព្យាយាមស្វ័យសិក្សាស្វែងយល់បន្ថែមពាក់ព័ន្ធនឹងកិច្ចការងារវិនិយោគនេះដើម្បីអនុវត្តនូវសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌, មនសិការវិជ្ជា
ជីវៈ, និងស្មារតីទទួលខុសត្រូវខ្ពស់។
ជាកិច្ចបន្ត វាគ្មិនមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើបទបង្ហាញលើប្រធានបទ (១) ច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងនីតិវិធីពិនិត្យសំណើពាក់ព័ន្ធនឹងកកិច្ចការច្បាប់នៃគម្រោងវិនិយោគ, (២) ការជំរុញទាក់ទាញ និងការផ្ដល់កិច្ចសម្រួលវិនិយោគ, (៣) នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងការផ្ដល់ការលើកទឹកចិត្ត និង (៤) ការត្រួតពិនិត្យ,​ តាមដានគម្រោងវិនិយោគ, និងផ្ដល់សេវាថែទាំវិនិយោគ។
គួរបញ្ជាក់ជូនផងដែរថា យោងអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមានសមត្ថកិច្ចក្នុងការពិនិត្យសម្រេចលើការចុះបញ្ជី, ផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការលុប, និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារអាម៉េរិកចុះ។