សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តស្វាយរៀង និងព្រៃវែង

(សាលាខេត្តស្វាយរៀង)៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការយ៉ាងស្អិតល្មួតជាមួយរដ្ឋបាលខេត្តស្វាយរៀង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងមន្រ្ដីនៃអនុគណៈកម្មាធិការវិនិយោគខេត្តស្វាយរៀង និងព្រៃវែង ក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង និងឧត្តមានុវត្តន៍ជូនប្រតិបត្តិករដែលជាមន្ត្រីពាក់ព័ន្ធជុំវិញអនុគណៈកម្មាធិការវិនិយោគខេត្តទាំងពីរ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម សរ សុដានី អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង, និងឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងដោយមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធរួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋបាលខេត្តទាំងពីរសរុបចំនួន ៧០រូប។

មានមតិក្នុងសុន្ទរកថាបើក ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តទាំងពីរដែលបានផ្តល់ឱកាសជូនមន្ត្រីរបស់ខ្លួនក្នុងការអញ្ជើញមកទទួលយកពុទ្ធិ និងចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងកិច្ចការស្តីពីវិនិយោគ សំដៅត្រៀមខ្លួនប្រកបដោយបុរេសកម្មក្នុងការផ្តល់កិច្ចសម្រួលវិនិយោគដោយប្រកាន់ខ្ជាប់នូវការផ្តល់សេវាឱ្យបានឆាប់រហ័ស. ទាន់ពេលវេលា, និងមានប្រសិទ្ធភាព ជូនវិនិយោគិន និងធុរជនប្រើប្រាស់សេវានានានៅតាមបណ្តាអនុគណៈកម្មាធិការវិនិយោគខេត្តទាំងពីរនាពេលដ៏ខ្លីខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថាអង្គសិក្ខាសាលានឹងខិតខំត្រងត្រាប់ស្ដាប់ការធ្វើបទបង្ហាញ និងបំផុសសំណួរដល់វាគ្មិន ព្រមទាំងព្យាយាមស្វ័យសិក្សាស្វែងយល់បន្ថែមពាក់ព័ន្ធនឹងកិច្ចការងារវិនិយោគនេះដើម្បីអនុវត្តនូវសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌, មនសិការវិជ្ជា
ជីវៈ, និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសប្រើប្រាស់ធនធានសក្ដានុពលដើម្បីទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តទាំងពីរឱ្យបានច្រើនជាអតិបរមា។

គួរបញ្ជាក់ជូនផងដែរថា យោងអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ដីពីការរៀបចំអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដែលផ្ដល់សិទ្ធអំណាចបន្ថែមពាក់ព័ន្ធនឹងការពិនិត្យសម្រេចលើការចុះបញ្ជី, ផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការលុប, និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារអាម៉េរិកចុះ។