សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី

ខេត្តរតនគិរី៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម ទ្រី ដាលុច អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការវិនិយោគកម្ពុជារៀបចំ និងអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និង
កម្មវិធីកសាងសមត្ថភាពមន្រ្តីអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, លោក ឌុច ចាន់តូ អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី, សមាជិកអនុគណៈកម្មាធិការវិនិយោគខេត្ត, តំណាងសភាពាណិជ្ជកម្មខេត្ត និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្តរតនគិរីសរុបចំនួន ៨៥រូប។
ជាកិច្ចស្វាគមន៍ ឯកឧត្តម ឌុច ចាន់តូ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានជម្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ សក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចលេីវិស័យកសិ-ឧស្សាហកម្មរបស់ខេត្ត។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តម ទ្រី ដាលុច អគ្គលេខាធិការរង បានថ្លែងពីគោលបំណងចម្បងនៃសិក្ខាសាលានាថ្ងៃនេះ ដែលសំដៅបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគប្រកបដោយតម្លាភាព ជាពិសេសនីតិវិធីនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនេះជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី។ ឯកឧត្តមអគ្គលេខាធិការរង បានបន្តទៀតថាតាមរយៈច្បាប់ និងអនុក្រឹត្យនេះ អនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី បានទទួលប្រតិភូកម្មសិទ្ធិអំណាចក្នុងការពិនិត្យ និងសម្រេចលើការចុះបញ្ជី, ការផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការលុប, និង ការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូល នឹង ៥លានដុល្លារអាម៉េរិកចុះ ដែលនេះជាការពង្រីកដែនសមត្ថកិច្ចដល់អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ លើសពីនេះ ឯកឧត្តមអគ្គលេខាធិការរងមានសង្ឃឹមយ៉ាងមុតមាំថា តាមរយ:សិក្ខាសាលានាថ្ងៃនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង ដើម្បីអនុវត្តនូវសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតី ទទួលខុសត្រូវខ្ពស់។
នៅក្នុងមតិបិទនិងបូកសរុប ឯកឧត្តម យុន ហេង អគ្គលេខាធិការរង ក៏បានគូសបញ្ជាក់ឡើងវិញពីភាពចាំបាច់នៃការរៀបចំនូវច្បាប់ស្តីពីវិនិយោគ, ការបង្ហាញចំនុចយល់ដឹងសំខាន់ៗអំពីអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដែលសំដៅលេីសិទ្ធសម្រេចលេីទុនវិនិយោគរហូតដល់ ៥លានដុល្លារអាម៉េរិក និងការប្រគល់នូវសិទ្ធិអំណាចពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជូនដល់អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។
ជាកិច្ចបញ្ចប់ សិក្ខាកាមចូលរួម បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។