សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម និងត្បូងឃ្មុំ

(សាលាខេត្តកំពង់ចាម)៖ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងសមាជិកអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្នុងគោលបំណងបញ្រ្ជាបការឈ្វេងយល់អំពីច្បាប់និងបទប្បញ្ញត្តិ ព្រមទាំងនីតិវិធីនៃការអនុវត្តដែលមានអនុលោមភាពគតិយុត្ត
និងឧត្តមានុវត្តន៍ជូនមន្ត្រីនិងតួអង្គពាក់ព័ន្ធនៃអនុគណៈកម្មាធិការវិនិយោគខេត្តទាំងពីរ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម, និងលោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្ដីមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋបាលខេត្តទាំងពីរសរុបចំនួន ៩០រូប។
មានមតិក្នុងសុន្ទរកថាបើក ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តទាំងពីរដែលបានផ្តល់ឱកាសជូនមន្ត្រីរបស់ខ្លួនមកចូលរួមសិក្ខាសាលានិងទទួលយកពុទ្ធិបន្ថែមពាក់ព័ន្ធនឹងកិច្ចការស្តីពីវិនិយោគ សំដៅត្រៀមខ្លួនប្រកបដោយបុរេសកម្មក្នុងការផ្តល់កិច្ចសម្រួលវិនិយោគដោយប្រកាន់ខ្ជាប់នូវការផ្តល់សេវាបានទាន់ពេលវេលា, និងមានប្រសិទ្ធភាព ជូនវិនិយោគិន និងធុរជនប្រើប្រាស់សេវានានានៅតាមបណ្តាអនុគណៈកម្មាធិការ

វិនិយោគខេត្តទាំងពីរនាពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថាអង្គសិក្ខាសាលា មន្រ្តីពាក់ព័ន្ធនឹងខិតខំត្រងត្រាប់ស្ដាប់ការធ្វើបទបង្ហាញ និងបំផុសសំណួរដល់វាគ្មិន ព្រមទាំងព្យាយាមស្វ័យសិក្សាបន្ថែមដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែប្រសើរជាងមុន ដើម្បីអនុវត្តនូវសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌, មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសប្រើប្រាស់ធនធានប្រកបដោយសក្ដានុពលដើម្បីទាក់ទាញវិនិយោគិនដែលមកបណា្ដក់ទុនវិនិយោគក្នុងវិស័យដែលផ្ដល់តម្លៃបន្ថែមខ្ពស់ដល់សង្គម-សេដ្ឋកិច្ច។

គួរបញ្ជាក់ជូនផងដែរថា យោងអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ដីពីការរៀបចំអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈបកម្មាធិការវិនិយោគរាជធានី ខេត្ត ដែលផ្ដល់សិទ្ធអំណាចបន្ថែមពាក់ព័ន្ធនឹងការពិនិត្យសម្រេចលើការចុះបញ្ជី, ផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការលុប, និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារអាម៉េរិកចុះ។