សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពត-កែប

ខេត្តកំពត៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការវិនិយោគកម្ពុជារៀបចំ និងអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និង កម្មវិធីកសាងសមត្ថភាពមន្រ្តីអនុគណៈកម្មាធិការវិនិយោគខេត្តកំពត-កែប។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត, លោកជំទាវ អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្តកែប, សមាជិកអនុគណៈកម្មាធិការវិនិយោគខេត្តកំពត, សមាជិកអនុគណៈកម្មាធិការវិនិយោគខេត្តកែប, តំណាងសភាពាណិជ្ជកម្មខេត្តតាកែវ-កំពត-កែប, ពាណិជ្ជករ និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្តកំពត-កែបសរុបចំនួន ៩៥រូប។
ជាកិច្ចស្វាគមន៍ លោកជំទាវ យូ សុគន្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីសោមន្សរីករាយចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានជម្រាបអំពី លក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ សក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តកំពត។ ខេត្តកំពតនឹងមានសមិទ្ធផលថ្មីមួយគឺ ផែទឹកជ្រៅរបស់ក្រុមហ៊ុន កំពត ផត ដែលគ្រោងដាក់ដំណើរការថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តមអគ្គលេខាធិការរង បានសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់លេីវស័យឯកជន និងការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការសំខាន់ៗនៃព្រឹត្តិការណ៍នានាក្នុងតំបន់ និងសកល ព្រមទាំងច្បាមយកនូវកាលានុវត្តភាពដែលលេចចេញពីវិបត្តិតាមរយៈការដាក់ចេញនូវ ច្បាប់យុទ្ធសាស្ត្រដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការប្រកួតប្រជែងដេីម្បីទាក់ទាញនិងលេីកទឹកចិត្តដល់វិនិយោគគិនដែលជាការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងដោយមានភាពធន់។
បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានលើកឡើងអំពីបរិការណ៍ ដំណើរការ និងភាពចាំបាច់នៃការរៀបចំនូវច្បាប់ស្តីពីវិនិយោគ, អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដែលសំដៅលេីសិទ្ធសម្រេចលេីទុនវិនិយោគរហូតដល់ ៥លានដុល្លារ, និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដ៏ទូលំទូលាយ មានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន។
ជាកិច្ចបន្ត វាគ្មិនមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើបទបង្ហាញលើប្រធានបទចំនួន ០៤ ជូនដល់សិក្ខាកាម រួមមាន (១)ច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងនីតិវិធីពិនិត្យសំណើពាក់ព័ន្ធនឹងកិច្ចការច្បាប់នៃគម្រោងវិនិយោគ, (២)ការជំរុញទាក់ទាញ និងការផ្តល់កិច្ចសម្រួលវិនិយោគ, (៣)នីតិវិធីពិនិត្យសំណើសុំពាក់ព័ន្ធនឹងការចុះបញ្ជី, ការលើកទឹកចិត្តគម្រោងវិនិយោគ និង (៤)ការត្រួតពិនិត្យ ការវាយតម្លៃការអនុវត្តគម្រោង និងសេវាថែទាំវិនិយោគ។
ជាកិច្ចបញ្ចប់ សិក្ខាកាមចូលរួម បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងនូវការពេញយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។