ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តចុះរៀបចំ និងដឹកនាំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពជូនមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រិត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្ត្រីនៃអនុគណៈកម្មការវិនិយោគខេត្តកំពង់ស្ពឺ បានរៀបចំឡើងក្រោមអធិបតីភាពដឹកនាំរបស់ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម សុខ ភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សាលាខេត្ត មន្ទីរ និងអភិបាល អភិបាលរងក្រុង ស្រុក ចំណុះឲ្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបចំនួនប្រមាណ៥០នាក់។ គោលបំណងចម្បងនៃការរៀបចំសិក្ខាសាលានេះឡើងគឺការចែករម្លែកនូវបទពិសោធន៍ និងបញ្ជ្រាបបន្ថែមនូវព័ត៌មាននានាពាក់ព័ន្ធនឹងការវិនិយោគ ពិសេសច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ ការចុះបញ្ជីវិនិយោគ និងការផ្តល់សេវានានាទាក់ទងនឹងដំណើរប្រតិបត្តិការរបស់គំរោងវិនិយោគ ហើយដែលអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ផ្តល់ដោយច្បាប់នូវបុព្វសិទ្ធក្នុងការពិនិត្យសម្រេចចុះបញ្ជីគំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលមានទុនវិនិយោគក្រោម៥លានដុល្លារអាមេរិក។