ថ្នាក់ដឹកនាំនិងមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សរុបប្រមាណ ៧២រូប បានយល់ច្បាស់អំពី ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីចុះបញ្ជីវិនិយោគតាមរយៈសិក្ខាសាលាដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ខេត្តកំពង់ធំ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានដឹកនាំមន្ត្រីនៃគណៈកម្មាធិការវិនិយោគកម្ពុជារៀបចំ និងអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីកសាងសមត្ថភាពជូនមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្រោមកិច្ចសហការរៀបចំសម្របសម្រួលរបស់រដ្ឋបាលខេត្តកំពង់ធំ។ អង្គសិក្ខាសាលាមានវត្តមានឯកឧត្តម ចាន់ តារា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម មិន ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមជាគណៈអធិបតី និងមានលោកលោកស្រីដែលសមាជិកអនុគណៈកម្មាធិការ វិនិយោគខេត្តទាំង៣ និងមន្ត្រីដែលមានភារកិច្ចពាក់ព័ន្ធនឹងកិច្ចការវិនិយោគចូលរួមជាសិក្ខាកាម សរុបចំនួនប្រមាណ ៧២រូប។
កម្មវិធីសិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងចែករំលែកព័ត៌មាន និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ជាពិសេសគឺបែបបទ នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ ការផ្ដល់ការលើកទឹកចិត្ត និងការផ្តល់សេវានានា ដែលជាសមត្ថកិច្ច និងកាតព្វកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត។
ក្នុងបរិយាកាសដ៏រីករាយនិងស្និទ្ធស្នាល សិក្ខាកាមដែលបានចូលរួម បានបង្ហាញការយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ និងបានលើកជាសំនួរយ៉ាងផុលផុស ព្រមទាំងសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តួចផ្តើម និងអនុញ្ញាតឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។