សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគសម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ

ថ្នាក់ដឹកនាំនិងមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សរុបប្រមាណ២៤០នាក់ បានស្វែងយល់បន្ថែមពី ច្បាប់ បទប្បញ្ញាតិ និងនីតិវិធីចុះបញ្ជីវិនិយោគតាមរយៈសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម នុតអ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជាបានដឹកនាំមន្ត្រីនៃគណៈកម្មាធិការវិនិយោគកម្ពុជារៀបចំ និងអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពជូនមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ។ សិក្ខាសាលាដែលរៀបចំនៅសាលាខេត្តកណ្តាល មានការអញ្ជើញចូលរួមជាធិបតីពីឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល និងលោក សេង វណ្ណៈ នាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញ ខណៈសិក្ខាសាលារៀបចំនៅសាលាខេត្តតាកែវ មានវត្តមានដឹកនាំរបស់លោក ញ៉ែម ស្រស់ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ។ ក្នុងអង្គសិក្ខាសាលាក៏មានវត្តមានចូលរួមពីសំណាក់លោកលោកស្រីសមាជិកអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្តទាំង៣ មន្ត្រីដែលមានភារកិច្ចពាក់ព័ន្ធនឹងកិច្ចការវិនិយោគ និងតំណាងសភាពាណិជ្ជកម្មខេត្ត សរុបចំនួនប្រមាណ២៤០រូប។

 

គោលបំណងចម្បងនៃការរៀបចំសិក្ខាសាលាគឺការចែករម្លែកនូវព័ត៌មាន និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ពិសេសនីតិវិធីចុះបញ្ជីគំរោងវិនិយោគ និងការផ្តល់សេវាវិនិយោគនានា ដែលអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវផ្តល់សេវាទាំងនោះជូនដល់វិនិយោគិន។

ក្នុងបរិយាកាសរីករាយនិងស្និទ្ធស្នាល សិក្ខាកាមដែលបានចូលរួម បានបង្ហាញការយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។