សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់អនុគណៈកម្មាធិការវិនិយោគខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

(ខេត្តបាត់ដំបង)៖ បន្ទាប់ពីបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគនិងបទប្បញ្ញត្តិពាក់ព័ន្ធជូនអនុគណៈកម្មាធិការវិនិយោគខេត្តសៀមរាបកន្លងទៅថ្មីៗនេះ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) ក្រោមក្របខ័ណ្ឌកម្មវិធីធ្វើឲ្យប្រសើឡើងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក( Improved Competitiveness of National Enterprise Program) រៀបចំសិក្ខាសាលាខាងលើជូនអនុគណៈកម្មាធិការវិនិយោគខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបាត់ដំបង។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងបទប្បញ្ញត្តិពាក់ព័ន្ធ, ផ្លាស់ប្តូរឧត្តមានុវត្តន៍សំដៅជំរុញការវិនិយោគ និងពង្រឹងសមត្ថភាពរបស់មន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគ ហើយដែលកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម មូល ធន អភិបាលរងខេត្តបាត់ដំបង, ឯកឧត្តម ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ, និងវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញរដ្ឋបាលខេត្តដែលជាសមាជិកអនុគណៈកម្មាធិការវិនិយោគនៃខេត្តទាំងពីរ និងវិស័យឯកជនសរុបប្រមាណ ១០០រូប។

 

មានមតិក្នុងសុន្ទរកថាបើក ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការសំខាន់ៗ និងការវិវត្តយ៉ាងឆាប់រហ័សនៃព្រឹត្តិការណ៍នានាក្នុងតំបន់ និងសកល ព្រមទាំងច្បាមយកនូវកាលានុវត្តភាពដែលលេចចេញពីវិបត្តិ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ, ច្បាប់, បទប្បញ្ញត្តិ និងក្របខ័ណ្ឌគោលនយោបាយ។ ជាមួយគ្នានេះ ឯកឧត្តមបានចែករម្លែកពីស្ថានភាពនៃការវិនិយោគនៅកម្ពុជា និងលើកឡើងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិស្ថានវិនិយោគសំដៅបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាពអាចប៉ាន់ប្រមាណទុកជាមុនបាន, ការផ្តល់ការលើកទឹកចិត្តដែលមានភាពឆ្លាតវៃ និងការការពារនិងធានាវិនិយោគ។ល។ បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពីសៀវភៅស្ដីពីការវិនិយោគនៅកម្ពុជាដែលជាឯកសារគន្លឹះ និងជាជំនួយស្មារតីសម្រាប់វិនិយោគិន ដើម្បីសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិស្ថាន និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការស្នើបង្កើតនូវប្រព័ន្ធទំនាក់ទំនងដើម្បីផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកនៅពេលក្រោយផងដែរ។

ជាកិច្ចបន្ត វាគ្មិនមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើបទបង្ហាញលើប្រធានបទ (១) យុទ្ធសាស្ត្រជំរុញទាក់ទាញ, ផ្តល់កិច្ចសម្រួល និងសេវាថែទាំវិនិយោគ (២) ច្បាប់ស្តីពីវិនិយោគ និងបទប្បញ្ញត្តិពាក់ព័ន្ធ និង (៣) នីតិវិធីចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។