សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់អនុគណៈកម្មាធិការវិនិយោគខេត្តសៀមរាប

(ខេត្តសៀមរាប)៖ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកម្មវិធី Improved Competitiveness of National Enterprise Program របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ-ICONE) សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងបទប្បញ្ញត្តិពាក់ព័ន្ធត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតសុខាខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងបទប្បញ្ញត្តិពាក់ព័ន្ធ, ផ្លាស់ប្តូរឧត្តមានុវត្តន៍សំដៅជំរុញការវិនិយោគ និងបំពាក់បំប៉នសមត្ថភាពរបស់មន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តសៀមរាប។ កម្មវិធីនេះមានវត្តមានអញ្ជើញចូលរួមពីមន្ត្រីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុគណៈកម្មាធិការវិនិយោគខេត្តសៀមរាប មន្ទីរដែលមានភារកិច្ចពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលខេត្ត និងវិស័យឯកជនសរុបចំនួន ៥០រូប។
មានមតិក្នុងសុន្ទរកថាបើក ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការសំខាន់ៗ និងការវិវត្ត យ៉ាងឆាប់រហ័សនៃព្រឹត្តិការណ៍នានាក្នុងតំបន់ និងសកល ព្រមទាំងច្បាមយកនូវកាលានុវត្តភាពដែលលេចចេញពីវិបត្តិតាមរយៈការដាក់
ចេញនូវយុទ្ធសាស្ត្រ, ច្បាប់, ក្របខ័ណ្ឌគោលនយោបាយ និងផែនទីបង្ហាញផ្លូវដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងមានភាពធន់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងអំពីការអនុម័តនូវច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ សំដៅបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបានប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ និងធានាបាននូវភាពប្រកួតប្រជែងពេញលេញដោយសមភាពនិងគ្មានការរើសអើង ដើម្បីទាក់ទាញនិងលើកកម្ពស់ការវិនិយោគក្នុងស្រុកនិងបរទេសប្រកបដោយគុណភាព, ប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការធ្វើវិមជ្ឈការនិងវិសហមជ្ឈការជូនអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត, ការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល, ការពង្រឹងយន្តការថែទាំវិនិយោគ និងការផ្ដល់ជូននូវកញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃ។
ជាកិច្ចបន្ត វាគ្មិនមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើបទបង្ហាញលើប្រធានបទ (១) ច្បាប់ស្តីពីវិនិយោគនិងបទប្បញ្ញត្តិពាក់ព័ន្ធ និង (២) យុទ្ធសាស្ត្រជំរុញទាក់ទាញ, ផ្តល់កិច្ចសម្រួល និងសេវាថែទាំវិនិយោគ។