កិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពី “វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩”

នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពី “វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩”ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ១៧, តំណាងសភាពាណិជ្ជកម្មកម្ពុជា, តំណាងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងថ្នាក់ដឹកនាំនិងក្រុមការងារបច្ចេកទេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបប្រមាណ ៩០រូប។
កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលពីក្រសួង ស្ថាប័ន ព្រមទាំងតួអង្គពាក់ព័ន្ធ ទៅលើរបៀបវារៈការងារសំខាន់ៗចំនួន ០២ រួមមាន៖ ១)-សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ និង ២)-លទ្ធផលបឋមនៃការតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការជារួមតាមវិស័យគន្លឹះសំខាន់ៗ ដែលក្រសួង ស្ថាប័ន ត្រូវទទួលបន្ទុក ដូចបានកំណត់ក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងលេខ ១២៧២ សជណ.អកទ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រីសំដៅធ្វើយ៉ាងណាជំរុញដល់កិច្ចការងារខាងលើ ឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

គួរកត់សម្គាល់ផងដែរថា កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមយ៉ាងផុលផុសពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនដែលមានសភាពាណិជ្ជកម្មកម្ពុជាជាតំណាងដោយបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារជាផ្លែផ្កា ព្រមទាំងបានផ្តល់ធាតុចូល និងលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរសំខាន់ៗមួយចំនួនផងដែរ។
លទ្ធផលដែលប្រសូត្រចេញពីកិច្ចប្រជុំនេះ នឹងត្រូវបានឆ្លុះបញ្ចាំងតាមរយៈរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងត្រូវរាយការណ៍ជូនរាជរដ្ឋាភិបាល នាពេលឆាប់ៗខាងមុខនេះ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមាននៃការចូលរួម និងការផ្តល់ធាតុចូលដ៏មានសារៈសំខាន់របស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសភាពាណិជ្ជកម្មកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងព្រមទាំងការចូលរួមគាំទ្ររបស់ “CAPRED” ក៏ដូចជាក្រុមការងារបច្ចេកទេសគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កន្លងមក ព្រមទាំងបានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យបន្តការគាំទ្រ និងផ្តល់កិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីឱ្យកិច្ចការងារខាងលើនេះ ទទួលបាននូវលទ្ធផលជាវិជ្ជមានស្របទៅតាមការរំពឹងទុក។