គណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់បង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹងនិងពង្រីកបណ្តាញធុរកិច្ចនិងស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមទៀតនៅកម្ពុជា។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបគណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ចំនួនប្រមាណ៣០រូប ដឹកនាំដោយលោក Alexander Ziehe ប្រធានសមាគមធុរកិច្ចអាល្លឺម៉ង់ (German Business Association- GBA) និងលោកPeter Kompalla ប្រធានតំណាងសភាឧស្សាហកម្មនិងពាណិជ្ជកម្មអាល្លឺម៉ង់ប្រចាំវៀតណាម (AHK -German Chamber of Industry and Commerce)។ ប្រតិភូដែលអញ្ជើញមកនាពេលនេះ មានសកម្មភាពធុរកិច្ចនិងវិនិយោគក្នុងវិស័យកម្មន្តសាល បច្ចេកវិទ្យា បដិសណ្ឋារកិច្ច អប់រំ និងសេវាកម្ម នៅប្រទេសវៀតណាម និងមានបំណងស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការរង បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ គណៈប្រតិភូទាំងអស់ដែលបានចំណាយពេលវេលាមកសិក្សាស្វែងយល់និងបានឃើញពីជវភាពនៃសង្គមសេដ្ឋកិច្ចនិងសក្តានុពលរបស់កម្ពុជាដោយផ្ទាល់។ ក្នុងឱកាសនេះ ឯកឧត្តមបានធ្វើបទបង្ហាញចែករម្លែកព័ត៌មានពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ, វិស័យវិនិយោគអាទិភាព, ក្របខណ្ឌលើកទឹកចិត្តវិនិយោគ, ការចុះបញ្ជីនិងកិច្ចសម្រួលវិនិយោគ, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, គំរោងហេដ្ឋារចនាសម្ព័ន្ធនិងឡូជីស្ទីកសំខាន់ៗ, និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។

គណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ បានសម្តែងនូវសេចក្តីសោមនស្សដែលបានជ្រួតជ្រាបកាន់តែច្បាស់ ពីរចនាសម្ព័ន្ធដឹកនាំនិងតួនាទីដ៏មានសារៈសំខាន់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងអំពីស្ថានភាពនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ គណៈប្រតិភូធុរកិច្ចបានបង្ហាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងគម្រោងវិនិយោគក្នុងវិស័យសំណង់ ទេសចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត ការកែច្នៃឡើងវិញ ព័ត៌មានវិទ្យា វិនិយោគបៃតង និងរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជុូនពីក្តីរំពឹងអំពីកំណើននៃការវិនិយោគពីអាល្លឺម៉ង់មកកម្ពុជាបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខ ហើយបានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះការអញ្ជើញមកដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ និងបានជូនពរដល់គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ឱ្យសម្រេចបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា។