ការទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមន្ត្រីជំនាញការនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)

នារសៀលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមន្ត្រីជំនាញការនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)ស្តីពីគំរោងអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា (Agri-Food Industrial Park) ហើយដែលកិច្ចពិភាក្សាបានផ្តោតជាចម្បងលើវឌ្ឍនភាពនៃការរៀបចំអភិវឌ្ឍគំរោង, ទិដ្ឋភាពគន្លឹះនៃគំរោង, ដំណើរការកិច្ចលទ្ធកម្ម, យន្តការស្ថាប័នសម្រាប់គ្រប់គ្រងគំរោង, ដំណើរការវាយតម្លៃ និងធាតុចូលពាក់ព័ន្ធផ្សេងៗទៀតដើម្បីឲ្យការអនុវត្តគំរោងនេះមានភាពគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់គណៈកម្មាធិការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា។