ឯកអគ្គរាជទូតកាតាវាយតម្លៃខ្ពស់ពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការជំរុញនិងទាក់ទាញវិនិយោគ ហើយសន្យានឹងខិតខំជំរុញផ្សព្វផ្សាយសក្តានុពលវិនិយោគរវាងប្រទេសទាំងពីរកម្ពុជា-កាតា

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា អមដោយសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលក្នុងដំណើទស្សនកិច្ចការងារនៅរាជធានីភ្នំពេញនាពេលនេះមានគោលបំណងស្វែងយល់ពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងបានជម្រាបជូនពីរចនាសម័្ពន្ធដឹកនាំ និងតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ហើយដែលមានមុខងារជាសេនាធិការនិងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំនិងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងក្របខណ្ឌវិនិយោគ ឯកឧត្តមអគ្គលេខាធិការរង ក៏បានជម្រាបជូនផងដែរពីច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ និងគោលនយោបាយពាក់ព័ន្ធនានា, ការផ្តល់ការលើកទឹកចិត្ត, ការចុះបញ្ជី និងកិច្ចសម្រួលវិនិយោគ, វិស័យវិនិយោគអាទិភាព,

ស្ថានភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន ដែលមានបំណងមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ រឺមកបណ្តាក់ទុននៅកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូតកាតា បានសម្តែងនូវក្តីរីករាយដែលបានយល់ច្បាស់ ព្រមទាំងវាយតម្លៃខ្ពស់ពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តម បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការរីកចម្រើនរបស់ប្រទេសកាតានាពេលបច្ចុប្បន្ន ហើយបានជម្រាបជូនពីការត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការចូលរួមរៀបចំផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរជូនវិនិយោគិន តាមរយៈកិច្ចសហការតភ្ជាប់ជាមួយសភាពាណិជ្ជកម្មកាតា និងតំណាងក្រសួងស្ថាប័នកាតាដែលទទួលបន្ទុកការងារវិនិយោគ ហើយប្តេជ្ញានិងចូលរួមយ៉ាងសកម្មក្នុងការជំរុញនិងពង្រឹងទំនាក់ទំនងផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។
ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរាជទូតចំពោះស្មារតីនៃការ ផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានជូនពរឯកឧត្តម Khalid Ali Abdullah Abel ព្រមទាំងសហការី ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅរាជធានីភ្នំពេញនាពេលនេះ។