ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាកម្ពុជា (ក.អ.ក) និងជាប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ។ កិច្ចប្រជុំនេះ មានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលមានចំនួនសរុបប្រមាណប្រមាណ៥០រូប ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ និងជម្រាបជូនពីសាវតា, វឌ្ឍនភាព និងជំហានការងារអាទិភាពសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ។

ក្នុងកិច្ចដំណើរការប្រជុំ ក្រុមការងារលេខាធិការដ្ឋាន IDP នៃ ក.អ.ក បានធ្វើបទបង្ហាញសង្ខេបជូនអង្គប្រជុំអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ។ ក្របខ័ណ្ឌតាមដាន និងវាយតម្លៃនេះ គឺឯកសារណែនាំដែលត្រូវបានរៀបចំក្នុងគោលបំណងតម្រង់ទិសការតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមការរំពឹងទុក ។ 
បន្ទាប់ពីការពិភាក្សាយ៉ាងផុសផុល អង្គប្រជុំបានផ្តល់មតិយោបល់កែលម្អនិងធាតុចូលមួយចំនួនដើម្បីកែសម្រួល និងធានាគុណភាព និងភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជានេះ ។ជាកិច្ចបញ្ចប់ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលធ្វើឱ្យសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជានេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយបន្ថែមទៀត ។
គួររំឭកផងដែរថា ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែធ្នូ ឆ្នាំ២០២២ ដែលលេខាធិការដ្ឋាន IDP ត្រូវបានប្រគល់ភារកិច្ចជាសេនាធិការឱ្យ ក.អ.ក. ក្នុងការសម្របសម្រួលជារួម និងជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះ។