ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពសូត្រអន្ដរជាតិ (ISU)

(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារមកពីអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, និង គ.វ.ក. ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពសូត្រអន្ដរជាតិ (ISU) ដែលដឹកនាំដោយ លោក Zhang Guoqiang ប្រធាន ISU និង Cathaya Group ក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ក៏ដូចជាពិភាក្សាអំពីលទ្ធភាពក្នុងការពង្រីកគម្រោងវិនិយោគពាក់ព័ន្ធនឹងឧស្សាហកម្មសូត្រ និងវាយនភណ្ឌនៅកម្ពុជា។
មានមតិក្នុងជំនួបនេះ ឯកឧត្តមបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសមភាគីដែលបានអញ្ជើញមកកម្ពុជាដោយផ្ទាល់ដើម្បីជួបពិភាក្សាជាមួយក្រុមការងារអំពីប្រធានបទពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគក្នុងវិស័យឧស្សាហកម្មសូត្រនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូអំពីវត្តមាននៃតុចិន (China Desk) ដែលជាយន្តការតុជួរមុខសម្រាប់ប្រចាំការផ្តល់កិច្ចសម្រួល និងផ្តល់សេវាវិនិយោគប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈជូនវិនិយោគិនចិន។ បន្ថែមពីនេះ ឯកឧត្តមបានគូសរំលេចអំពីកញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលជ្រកក្រោមរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតនូវក្របខ័ណ្ឌគតិយុត្តប្រកបដោយភាពបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបានប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ និងធានាបាននូវភាពប្រកួតប្រជែងពេញលេញដោយសមភាព និងគ្មានការរើសអើង។

លើសពីនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យសមភាគីពិនិត្យលទ្ធភាពរៀបចំកម្រងឧស្សាហកម្មនៅតាមបណ្តោយរបៀងឧស្សាហកម្មសម្រាប់ប្រើប្រាស់ជាថ្នាលដើម្បីឱ្យក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនអាចបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់ដ៏មានសារៈសំខាន់នេះ សំដៅផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ជាការឆ្លើយតប សមភាគីបានសម្តែងនូវសេចក្តីសោមនស្សជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតួអង្គពាក់ព័ន្ធដែលបានផ្តល់នូវសេវាពិគ្រោះយោបល់ប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្ត។ ទន្ទឹមនឹងនេះ គណៈប្រតិភូបានផ្តល់សញ្ញាណវិជ្ជមានថានឹងបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅពង្រីកគម្រោងវិនិយោគ និងសកម្មភាពវិនិយោគរបស់ខ្លួនឱ្យកាន់តែរីកធំធាត់ និងគង់វង្សយូរអង្វែង។