ការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយស្ថានបេសកកម្មសហភាពអឺរ៉ុបនៅកម្ពុជាត្រូវបានលើកកម្ពស់..

ការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយស្ថានបេសកកម្មសហភាពអឺរ៉ុបនៅកម្ពុជាត្រូវបានលើកកម្ពស់តាមរយៈគំនិតផ្តួចផ្តើមកសាងកិត្យានុភាពកម្ពុជា និងការគូសវាសគម្រោងរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគទៅកាន់បណ្តាប្រទេសនានានៅតំបន់អឺរ៉ុប
—–
(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ ក្នុងស្មារតីបន្តតាមដានវឌ្ឍនភាពការងារដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលដឹកនាំដោយ លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ ក្នុងគោលបំណងពិភាក្សាអំពីគម្រោងរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគទៅកាន់បណ្តាប្រទេសនានានៅតំបន់អឺរ៉ុប។

មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញមកពិភាក្សាការងារជាមួយ គ.វ.ក. ដើម្បីចាប់ផ្តើមគូសវាសនូវឯកសារទស្សនទានសំដៅរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគិនមកពីបណ្តាប្រទេស

សមាជិកនានានៃសហភាពអឺរ៉ុបឱ្យមកស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាលើវិស័យ និងសកម្មភាពវិនិយោគដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍វិស័យកសិ-ចំណីអាហារ, ឧស្សាហកម្ម, ឡូជីស្ទីក, យានយន្ត និងអេឡិចត្រូនិក។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តថាបេសកកម្មទាក់ទាញ និងគោះទ្វារវិនិយោគិនទៅកាន់តំបន់អឺរ៉ុបនាឆ្នាំនេះនឹងក្លាយទៅជាព្រឹត្តិការណ៍ជំរុញវិនិយោគជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាថ្នាលទាក់ម៉ូយបន្ថែមឱ្យមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងបណ្តាក់ទុនវិនិយោគនៅតាមបណ្តារាជធានី ខេត្តដែលជារបៀងសេដ្ឋកិច្ចជាតិ, អនុតំបន់, និងតំបន់។

ជាការឆ្លើយតប សមភាគីបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងលើសំណើរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានប្តេជ្ញាជំរុញស្មារតីនៃកិច្ចពិភាក្សានេះឱ្យក្លាយទៅជាសកម្មភាពពិតប្រាកដដើម្បីឆ្លុះបញ្ចាំងនូវផ្លែផ្កានៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពជាក់ស្តែងនិយមរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប។