ជំនួបដើម្បីពិភាក្សាអំពីគម្រោងរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង

នារសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារទទួលជួប ពិភាក្សាការងារជាមួយ ឯកឧត្តម Darkey Africa ឯកអគ្គរដ្ឋទូតនៃស្ថានទូតអាហ្វ្រិកខាងត្បូងដែលមាននិវាសនដ្ឋាននៅទីក្រុងបាងកក អមដោយ លោកស្រី Thobeka Dlamini ទីប្រឹក្សាទទួលបន្ទុកកិច្ចការនយោបាយ។ គោលបំណងនៃជំនួបនេះដើម្បីពិភាក្សាអំពីគម្រោងរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង។
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកពិភាក្សាការងារជាមួយ គ.វ.ក. ដើម្បីចាប់ផ្តើមគូសវាសនូវឯកសារទស្សនទានសំដៅរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគិនមកពីប្រទេសអាហ្វ្រិកខាងត្បូងឱ្យមកស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាលើវិស័យ និងសកម្មភាពវិនិយោគដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍វិស័យកសិ-ចំណីអាហារ, ឧស្សាហកម្ម, ឡូជីស្ទីក, យានយន្ត និងអេឡិចត្រូនិក។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តថាបេសកកម្មទាក់ទាញ
និងគោះទ្វារវិនិយោគិនទៅកាន់តំបន់អាហ្វ្រិកខាងត្បូងនាឆ្នាំនេះនឹងក្លាយទៅជាព្រឹត្តិការណ៍ជំរុញវិនិយោគជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាថ្នាលទាក់ម៉ូយបន្ថែមឱ្យមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងបណ្តាក់ទុនវិនិយោគនៅតាមបណ្តារាជធានី ខេត្តដែលជារបៀងសេដ្ឋកិច្ចជាតិ, អនុតំបន់, និងតំបន់។
ជាការឆ្លើយតប សមភាគីបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងលើសំណើរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានប្តេជ្ញាជំរុញស្មារតីនៃកិច្ចពិភាក្សានេះឱ្យក្លាយទៅជាសកម្មភាពពិតប្រាកដដើម្បីឆ្លុះបញ្ចាំងនូវផ្លែផ្កានៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពជាក់ស្តែងនិយមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអាហ្វ្រិកខាងត្បូង។