កិច្ចសំណេះសំណាលជាមួយជ័យលាភីទាំងប្រាំរូបដែលនឹងត្រូវបន្តការសិក្សាថ្ឋាក់បណ្ឌិតរងនៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ប្រទេសសឹង្ហបូរី

មូលធនមនុស្សគឺជាទ្រព្យដែលមិនអាចកាត់ថ្លៃបានសម្រាប់អភិវឌ្ឍន៍ជាតិ

ក្នុងកិច្ចសំណេះសំណាលជាមួយជ័យលាភីទាំងប្រាំរូបដែលនឹងត្រូវបន្តការសិក្សាថ្ឋាក់បណ្ឌិតរងនៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ប្រទេសសឹង្ហបូរី នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នាវិមានរដ្ឋាភិបាល (វត្តភ្នំ) ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍អភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការអបអរសាទរ និងកោតសរសើរអស់ពីដួងចិត្តជាមួយនឹងមនោសញ្ចេតនាកោតស្ងប់ស្ងែងពីទេពកោសល្យនិងពុទ្ធិដែលយុវនិស្សិតកម្ពុជាទាំងប្រាំរូបបានដណ្តើមជ័យលាភីដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិដោយទទួលបាននូវអាហារូបករណ៍ទៅបន្តការសិក្សានៅសាលាដ៏ល្បីល្បាញ និងមានកិត្យានុភាពល្បីរន្ទឺពេញពិភពលោក។ ឯកឧត្តមបានផ្តាំផ្ញើរនូវការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។ ឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យជ័យលាភីទាំងអស់ខិតខំក្រេបជញ្ជក់ចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ ដោយយកភាពឆ្លាតវៃតាមផ្លូវ (street smart) ជាមូលដ្ឋាន ចំណែកភាពឆ្លាតវៃក្នុងសៀវភៅ (book smart) ក៏ត្រូវស្វាធ្យាយ។
ដើម្បីទទួលភាពឆ្លាតវៃទាំងពីរនេះ កត្តាសំខាន់ចំនួនពីរ (សេចក្តីក្លាហាន និង គុណធម៌) ត្រូវប្រកាន់យកដោយមោះមុតបំផុត ដើម្បីក្លាយខ្លួនទៅជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ ឯកឧត្តមក៏បានចែករំលែកបទពិសោធន៍ក្នុងការសិក្សានៅសាលាលីក្វាន់យូ កាលពីឆ្នាំ២០១៤ និង Harvard Kennedy School of Government នៅឆ្នាំ២០១៥ ដែលឯកឧត្តមបានឆ្លងកាត់ ដោយត្រូវប្រកាន់ភ្ជាប់នូវគារវកិច្ច (Respect) ចំពោះរាមច្បង ផ្តល់ការគោរពចំពោះវិធាននិងនីតិវិធីនានាក្នុងការរៀនសូត្រ, ផ្តល់ការទទួលស្គាល់ (Recognition) ចំពោះស្នាដៃរាមច្បង ព្រមទាំងមានការទទួលខុសត្រូវ (Responsibility) ចំពោះទង្វើរប្រកបដោយគុណធម៌ក្នុងវិជ្ជាជីវៈ និងមានមនសិការជាតិ ដុតចិត្តឱ្យមោះមុត ក្លាហាន និងក្លៀវក្លា ក្នុងការចែករំលែកគោលនយោបាយសាធារណៈរបស់កម្ពុជាក្នុងចំណោមស្ថាប័នបញ្ញាវ័ន្តដែលខ្លួនបានប្រាស្រ័យទាក់ទង។ ឯកឧត្តមបានគូសបញ្ជាក់ពីភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយសាធារណៈពាក់ព័ន្ធនឹងការវិនិយោគ ដោយបានគាំទ្រការដាក់ចេញនូវច្បាប់វិនិយោគមួយមានលក្ខណៈបើកចំហរ មានតម្លាភាព និងភាពអាចប៉ាន់ប្រមាណបាន តាំងពីការចាប់ផ្តើមកកើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាំងពីឆ្នាំ១៩៩៤។ ហើយក្នុងវិបត្តិកូវីឌ១៩ នាឆ្នាំ២០២១ សម្តេចតេជោ ក៏បានណែនាំឱ្យរៀបចំនូវច្បាប់វិនិយោគថ្មីមួយដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាចម្បងនៃការរអាក់រអួលខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ដោយប្រកាន់យកនូវអភិក្រមបីសំខាន់គឺ (១). ផ្តល់កិច្ចសម្រួល (២). ផ្តល់ការលើកទឹកចិត្ត(ឆ្លាតវៃ) និង (៣). ផ្តល់ការថែទាំ ដល់ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ នេះបង្ហាញពីភាពក្លាហាន មោះមុត និងក្លៀវក្លារបស់កម្ពុជា ក្រោមការដឹកនាំដ៏វៃឈ្លាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏មោះមុតរបស់សម្តេចធិបតី នៅបន្តរក្សា ការពារមរតកដ៏ត្រកាលនេះ។ ដូច្នេះ យើងត្រូវតែមានសេចក្តីក្លាហាន ក្នុងការបញ្ជ្រាបការឈ្វេងយល់ពីគោលនយោបាយសាធារណៈរបស់កម្ពុជាឱ្យបានទូលំទូលាយ។
ឯកឧត្តមបានជូនពរឱ្យជ័យលាភីទាំងអស់សម្រេចបាននូវជោគជ័យបន្ថែមទៀតដើម្បីនាំយកមកជូនមាតុភូមិកម្ពុជាវិញនូវមោទនភាពជាមូលធនមនុស្សដែលមានភាពកក់ក្តៅ (Warmth) និងមានសមត្ថភាព (Competence) សម្រាប់អភិវឌ្ឍន៍ជាតិជាទីស្រឡាញ់នៃយើង។