ជំនួបពិភាក្សាការងារជាមួយវិនិយោគិនដែលមានបំណងវិនិយោគក្នុងវិស័យថាមពលបៃតង

(ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន សុផល​អគ្គលេខាធិការរងគណៈកម្មាធិ​ការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​គណៈប្រតិភូវិនិយោគិនដែលប្រកបរបរលើវិស័យថាមពលបៃតង ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគ ព្រមទាំងពិគ្រោះយោបល់អំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ។
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានសម្ដែងនូវការស្វាគមន៍​យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញធ្វើដំណើរមកកាន់ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយផ្ទាល់ ក្នុងគោលដៅស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពឱ្យបានច្បាស់លាស់ហើយធ្វើការឱ្យបានជិតស្និតជាមួយតួអង្គពាក់ព័ន្ធសម្រាប់ទទួលបានការគាំទ្រសម្រាប់ការវិនិយោគក្នុងវិស័យថាមពលបៃតងនេះ ដោយហេតុថាវិស័យថាមពលបៃតងជាវិស័យ​ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាអាទិភាពនៅក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងច្បាប់ស្ដីពីវិនិយោគនៃព្រះ​រាជាណាចក្រកម្ពុជា ដែលនឹងទទួលបានការលើកទឹកចិត្តជា​ធរមានស្របតាមច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ។

ឯកឧត្ដមបានបង្ហាញជំនឿចិត្តថាគណៈប្រតិភូនឹងពិនិត្យលទ្ធភាពច្បាមយកឱកាសដើម្បីចាប់យកទីផ្សារដែលពោរពេញដោយថាមវន្ត ក៏ដូចជាធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានការអនុញ្ញាតវិនិយោគក្នុងវិស័យប្រកបដោយនវានុវត្តន៍នេះ។ ជាការឆ្លើយតប សមភាគីបានថ្លែងអំណរគុណជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់សេវាពិគ្រោះយោបល់ប្រកបដោយទំនុកចិត្ត និងភាពកក់ក្តៅ ហើយគណៈប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមក្នុងការចាប់ផ្តើមសិក្សាសមិទ្ធិលទ្ធភាពឱ្យកាន់តែស៊ីជម្រៅដើម្បីបណ្តាក់ទុនវិនិយោគនាពេលដ៏ខ្លីខាងមុខ។