ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគក្នុងវិស័យឧស្សាហកម្ម, បច្ចេកវិទ្យា, អេឡិចត្រូនិច និងសុខាភិបាល ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពវិនិយោគ ព្រមទាំងព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិពាក់ព័ន្ធនៅកម្ពុជា

(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគក្រុមហ៊ុន Far East Trade Service Inc (FETS) តំណាងដោយលោក Lourence Lo ប្រធានក្រុមប្រឹក្សាភិបាល ក្នុងគោលបំណងសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពវិនិយោគ ព្រមទាំងព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិពាក់ព័ន្ធនៅកម្ពុជា។
មានមតិក្នុងជំនួបដ៏ថ្លៃថ្លានេះឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាអញ្ជើញមកកម្ពុជាដើម្បីសិក្សាស្វែងយល់បន្ថែមអំពីឱកាសវិនិយោគលើវិស័យខាងលើ សំដៅប្រមូលព័ត៌មានឱ្យកាន់តែជាក់លាក់ និងគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តក្នុងការបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីច្បាប់និងបទប្បញ្ញត្តិ, កញ្ចប់លើកទឹកចិត្តប្រកបដោយភាពឆ្លាតវៃ ជាពិសេសសេវាការថែទាំវិនិយោគ ដែលជ្រកក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនភាគីមិត្តអំពីអត្ថិភាពនៃតុចិន (China Desk) ដែលជាយន្តការមួយក្នុងចំណោមយន្តការតុវិនិយោគផ្សេងៗ ដែលបាននិងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន។ ឯកឧត្តមក៏បានលើកឡើងអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍វិស័យយានយន្ដនិងអេឡិចត្រូនិកនៅកម្ពុជាដែលជាឧបករណ៍ សម្រាប់វិនិយោគិនក្នុងការស្វែងយល់អំពីសក្ដានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិកក្នុងបរិកបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមនិងវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។