កិច្ចប្រជុំឧត្តមមន្ត្រីនៃកម្មវិធីមហាអនុតំបន់មេគង្គ (GMS)

(ទីក្រុង Yuxi សាធារណរដ្ឋប្រជាមានិតចិន)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាតំណាងលេខាធិការដ្ឋានជាតិ GMS បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំខាងលើ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូល GMS លើកទី ៨ ដែលគ្រោងនឹងប្រារព្ធឡើងនៅខេត្តយុនណាន ក្នុងអំឡុងត្រីមាសទី ៤ នៃឆ្នាំ ២០២៤។
ជាទិដ្ឋភាពរួម អង្គប្រជុំបានពិភាក្សាប្រកបដោយផ្លែផ្កាអំពីកម្រងឯកសារសម្រាប់គោរពជូនប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកធ្វើការអនុម័ត និងធ្វើកំណត់សម្គាល់។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានមូលមតិគ្នាក្នុងការពន្លឿនល្បឿននៃការរៀបចំពង្រាងឯកសារពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលតាមរយៈការប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានជាតិដើម្បីធ្វើការរួមគ្នាឱ្យបានល្អិតល្អន់មុននឹងដាក់ឆ្លងសម័យប្រជុំកម្រិតឧត្តមមន្ត្រី។ ជាកិច្ចបញ្ចប់ អង្គប្រជុំបានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្នុងឆ្នាំនេះ និងបានឯកភាពក្នុងការផ្តល់កិច្ចសហការយ៉ាងស្អិតល្មួតសំដៅធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលសម្រាប់បម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិក GMS។
សូមជម្រាបជូនផងដែរថា កម្មវិធី GMS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ដោយមានប្រទេសកម្ពុជា, ចិន, ឡាវ, មីយ៉ាន់ម៉ា, ថៃ, និងវៀតណាម ជាប្រទេសសមាជិក។