ពិធីផ្គូរផ្គងនិងចាប់ដៃគូវិនិយោគរវាងក្រុមហ៊ុនកម្ពុជា និងសឹង្ហបូរី ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៦

ឆ្លៀតក្នុងឱកាសអមដំណើរសម្តេចធិបតីនាយករដ្ឋមន្រ្តី បំពេញទស្សនកិច្ចផ្លូវការនៅសឹង្ហបូរី នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីផ្គូរផ្គងនិងចាប់ដៃគូវិនិយោគរវាងក្រុមហ៊ុនកម្ពុជា និងសឹង្ហបូរី ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៦ ផ្តោតលើការសិក្សាលទ្ធភាពដាក់ទុនវិនិយោគក្នុងវិស័យកសិកម្ម កែច្នៃកសិផល ឧស្សាហកម្មបៃតង និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៅកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការរង បានជំរុញលើកទឹកចិត្តឱ្យវិនិយោគិននៃប្រទេសទាំងពីរសម្លឹងមើលឱ្យបានទូលំទូលាយលើសក្តានុពល និងកាលានុវត្តភាពវិនិយោគក្រោមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ។ ម៉្យាងទៀតត្រូវខិតខំច្បាមយកឱ្យបាននូវឱកាសមាសដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវគោលនយោបាយអនុគ្រោះនានាសម្រាប់ការវិនិយោគដែលផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។