ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនដែលមានបំណងពង្រីកការវិនិយោគក្នុងវិស័យថាមពលបៃតង

(ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងឯកឧត្តម លឹម តារារិទ្ធ ទីប្រឹក្សាអម ក.អ.ក. បានដឹកនាំក្រុមការងារចម្រុះមកពី គ.វ.ក. និងអគ្គិសនីកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Prime Road Power (Public) Company Limited តំណាងដោយ លោក Piroon Shinawatra ប្រធានផ្នែកហិរញ្ញវត្ថុ ក្នុងគោលបំណងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យថាមពលបៃតង ក៏ដូចជាចែករំលែកព័ត៌មានបច្ចុប្បន្នភាពថ្មីស្តីពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគលើវិស័យនេះ។
មានមតិក្នុងជំនួបដ៏ប្រពៃនេះ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការវិនិយោគលើវិស័យថាមពលបៃតង សំដៅប្រមូលព័ត៌មានឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយបន្ថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យខាងលើដូចមានចែងក្នុងរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្ដមបានបង្ហាញជំនឿចិត្តថាកិច្ចប្រជុំ

ថ្ងៃនេះនឹងក្លាយទៅជាបង្គោលចរសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងតំណាងក្រុមហ៊ុនជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការបន្តពិភាក្សាលើកិច្ចការដ៏មានសារៈសំខាន់នេះនាពេលអនាគត។ ជាការឆ្លើយតប សមភាគីបានថ្លែងអំណរគុណជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់កិច្ចសម្រួលវិនិយោគតាមរយៈការរៀបចំ និងសម្របសម្រួលកិច្ចពិភាក្សានាពេលនេះប្រកបដោយភាពស្និទ្ធស្នាល ហើយគណៈប្រតិភូបានសម្តែងនូវភាពវិជ្ជមានក្នុងការបន្តពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យឱកាសបណ្តាក់ទុនពង្រីកគម្រោងវិនិយោគរបស់ខ្លួននាពេលដ៏ខ្លីខាងមុខ។