ជំជួបជាមួយ ក្រុមគណៈប្រតិភូ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ហៅកាត់ជាភាសាអង់គ្លេសថា AMRO

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយ ក្រុមគណៈប្រតិភូ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ហៅកាត់ជាភាសាអង់គ្លេសថា AMRO ដឹកនាំដោយ លោកបណ្ឌិត JINHO CHOI ប្រធានក្រុមសេដ្ឋវិទូ ដែលធ្វើបេសកកម្មស្វែងយល់អំពីស្ថានភាពនៃ ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០២៣និងដើមឆ្នាំ២០២៤នេះ ក៏ដូចជាស្វែងយល់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសនាពេលបច្ចុប្បន្ននិងទៅអនាគត បន្ថែមទៀត។
ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា មានមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ AMRO ដែលបានចាប់អារម្មណ៍ពីប្រទេសកម្ពុជា ហើយមកស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពជាក់ស្តែង ដោយឯកឧត្តមបានជម្រាបជូនគណៈប្រតិភូយ៉ាងពិស្តារអំពីស្ថានភាពនៃកំណើនរំហូរទុនវិនិយោគមកកម្ពុជា នៅក្រោយវិបត្តិ កូវីដ១៩ ជាពិសេសរំហូរទុនដ៏គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៣ ដែលមានគម្រោងសរុបចំនួន២៤៧គម្រោងនិងគម្រោងពង្រីកផលិតកម្មចំនួន២១គម្រោង ហើយក្នុងនោះគម្រោងវិនិយោគចំនួន ៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលទុនវិនិយោគសរុបនៃគម្រោងទាំងនេះមានចំនួន ៤,៩ ពាន់លានដុល្លារអាម៉េរិក ដែលមានការកើនឡើងប្រមាណ២២%ធៀបនឹងឆ្នាំ២០២២។

ដោយឡែកក្នុងត្រីមាសទី១នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីនិងគម្រោងពង្រីកផលិតកម្មសរុបចំនួន១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ ពាន់លានដុល្លារអាម៉េរិក បង្កើតការងារជាង ១០ ម៉ឺនកន្លែង។ កំណើននេះបើគិតជាភាគរយធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣គឺស្មើនឹង៦៤៩%។កំណើនយ៉ាងគំហុកនេះគឺដោយសារការវិនិយោគក្នុងគម្រោងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមផងដែរថា៖ កត្តាចម្បងដែលធ្វើអោយកម្ពុជា ទទួលបានទំនុកចិត្តពីវិនិយោគិនបរទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលកន្លងមក គឺស្ថេរភាពនយោបាយ,ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច, ក្របខណ្ឌគតិយុត្តស្តីពីវិនិយោគមានលក្ខណៈបើកចំហរខ្លាំង និងរបបនៃការលើកទឹកចិត្តវិនិយោគមានលក្ខណៈអំណោយផល ខណៈដែលកម្ពុជាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឥតឈប់ឈរ ដើម្បីប្រសិទ្ធភាពនៃការតភ្ជាប់និងការសម្រួលដល់ប្រព័ន្ធដឹកជញ្ជូន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបើកច្រកទីផ្សារថ្មីៗសម្រាប់ទំនិញកម្ពុជា តាមរយៈការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់និងទ្វេភាគី ក៏ដូចជាកត្តាដែលកម្ពុជាមានប្រជាជនវ័យក្មេងភាគច្រើន។ល។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនោះ គឺប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានអនុវត្តសកម្មភាពដើរគោះទ្វារទាក់ទាញវិនិយោគដោយផ្ទាល់ និងជាបន្តបន្ទាប់ នៅបណ្តាប្រទេសជាគោលដៅយុទ្ធសាស្ត្រជាច្រើននាពេលកន្លងមកដែលការណ៍នេះផ្តល់នូវភាពកក់ក្តៅយ៉ាងពិសេសដល់វិនិយោគិន។
ចំពោះគោលនយោបាយទាក់ទាញវិនិយោគសម្រាប់ពេលអនាគត ឯកឧត្តមអគ្គលេខាធិការរង ក៏បានជម្រាបជូនគណៈប្រតិភូអំពីខ្លឹមសារជាសារវ័ន្តនៃឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣) និង ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្ម (២០២៣-២០៣៣)។
លោកបណ្ឌិត JINHO CHOI បានសំដែងការសាទរ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សនៅក្រោយវិបត្តិកូវីដ១៩ និងក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងសង្គ្រាម តាមរយៈការដាក់ចេញនូវវិធានការមុតស្រួច ដើម្បីទាក់ទាញ និងថែទាំវិនិយោគ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងវិបុលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែងខ្លឹមសារនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ត្រូវបានរំលេចនៅក្នុង របាយការណ៍ស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់កម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសឆ្នាំ២០២៣ កន្លងទៅផងដែរ។