វេទិកាសហគ្រិន ចិនពិភពលោក ក្រោមប្រធានបទ “ការស្វែងយល់អំពីកាលានុវត្តភាពទីផ្សារ ប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពខ្លាំងរបស់ហុងកុង”

“តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចូលរួមជាវាគ្មិននៅក្នុងព្រឹត្តិការណ៍ស្ដីពី ការស្វែងយល់អំពី
កាលានុវត្តភាពទីផ្សារ ប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពខ្លាំងរបស់ហុងកុង”
______________
ទីក្រុងហុងកុង ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិននៅក្នុងវេទិកាសហគ្រិន ចិនពិភពលោក ក្រោមប្រធានបទ “ការស្វែងយល់អំពីកាលានុវត្តភាពទីផ្សារ ប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពខ្លាំងរបស់ហុងកុង” ដែលរៀបចំឡើង ដោយសភាពាណិជ្ជកម្ម ចិន-ហុងកុង នៅតំបន់រដ្ឋបាលពិសេសហុងកុង។ ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនដែលមានមូលដ្ឋាននៅតំបន់រដ្ឋបាលពិសេស ហុងកុង ដែលភាគច្រើនមានជំនាញក្នុង
វិស័យសេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យា សរុបប្រមាណ ៧០០ នាក់។
ក្នុងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិត អគ្គលេខាធិការរង បានរំលេច
ជូនវិនិយោគគិន និងសហគ្រិនហុងកុង អំពីឱកាសក្នុងការទទួលបានផលចំណេញពីទីផ្សារប្រទេសសមាជិកអាសិប (RCEP) ជាពិសេសការវិនិយោគលើវិស័យសេវាកម្មហិរញ្ញវត្ថុគាំទ្រដល់គម្រោងវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាសម្រាប់ការតភ្ជាប់ ឧស្សាហកម្មអនុគមន៍ (Forward Linkage) និងឧស្សាហកម្មប្រតិគមន៍ (Backward Linkage) ក៏ដូចជាការជួយជំរុញការតភ្ជាប់សហគ្រាសកម្ពុជាទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់អាសិប (RCEP)។ ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរង ក៏បានជម្រាបជូនអង្គពិធីផងដែរ អំពីលក្ខណៈអំណោយផលសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជារួមមានដូចជា ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយ ព្រមទាំងក្របខណ្ឌគតិយុត្តដែលមានលក្ខណៈអំណោយផលដល់ការវិនិយោគក្នុងប្រទេសកម្ពុជា។
ឆ្លៀតឱកាសនៃការទទួលទានអាហារពិភាក្សាការងារ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរង ក៏បានជួបដោយផ្ទាល់ជាមួយតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុនមួយចំនួន ដើម្បីផ្តល់ព័ត៌មានបន្ថែម និង អញ្ជើញពួកគេមកទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់ជាក់ស្តែងអំពីឱកាសវិនិយោគ ក្នុងវិស័យដែលត្រូវនឹងជំនាញរបស់ពួកគេ។