កិច្ចប្រជុំបូកសរុបការងារជាមួយក្រុមការងារបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ

កិច្ចប្រជុំបូកសរុបការងារជាមួយក្រុមការងារបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ
—–
(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំបូកសរុបការងារជាមួយក្រុមការងារបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ, ក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ រូប។ កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យ និងពិភាក្សាអំពីរបាយការណ៍វាយតម្លៃ ក៏ដូចជាអនុសាសន៍ពាក់ព័ន្ធនឹងការអង្កេតសេដ្ឋកិច្ច និងការវិវត្តថ្មីនៃគោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
គួរបញ្ជាក់ជូនផងដែរថា បេសកកម្មនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំរវាងមូលនិធិរូបិយវត្ថុអន្តរជាតិ និងប្រទេសសមាជិក ក្នុងគោលបំណងប្រមូលព័ត៌មានពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីចងក្រងរបាយការណ៍វាយតម្លៃសម្រាប់ប្រទេសនីមួយៗ។