ជួបពិភាក្សាការងារជាមួយក្រុមការងារ United Nations Development Programme (UNDP)

វិមានរដ្ឋាភិបាល (វត្តភ្នំ) ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖​ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ United Nations Development Programme (UNDP) ដឹកនាំដោយ លោក Nelson Stratta អ្នកជំនាញហិរញវត្ថុជាន់ខ្ពស់ទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងក្របខ័ណ្ឌសមាហរណកម្មហិរញ្ញវត្ថុជាតិកម្ពុជា​។ លោក​ណែលសុន​ បានជម្រាបជូនពីដំណើការដែល UNDP បាននិងកំពុងរៀបចំក្របខ័ណ្ឌសមាហរណកម្មហិរញ្ញប្បទានជាតិកម្ពុជា ដែលក្របខណ្ឌនេះនឹងក្លាយជាឧបករណ៍សម្រាប់ជួយជំរុញកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ។ ឯកឧត្តមអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ UNDP ក្នុងការរៀបចំនូវក្របខណ្ឌខាងលើបន្ថែមពីនេះឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូអំពីច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក ព្រមទាំងបានសុំឱ្យ UNDP រៀបចំនូវក្របខ័ណ្ឌខាងលើដើម្បីបន្ស៊ីជាមួយនឹងការអនុវត្តគោលនយោបាយដែលមានស្រាប់ ដើម្បីរួមគ្នាជួយកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។